ឧកញ៉ា ឃាង ពុទ្ធី ស្ថាបនិកក្រុមហ៊ុន ខម ផោន នាំយកសាលាបង្រៀនអ្នកជំនាញអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី មកកាន់កម្ពុជា
នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ បានធ្វើដំណើរទៅដល់ទីក្រុង Pattaya ប្រទេសថៃហើយ ដើម្បីត្រៀមចុះហត្ថលេខា នាំយកសាលាបណ្តុះបណ្តាលអ្នកជំនាញអចលនទ្រព្យដ៏ល្បីរបស់ប្រទេសសិង្ហបុរី Real Centre Academy (RCA) មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា។
ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Khompound រូបនេះ បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ នៅព្រលប់ថ្ងៃចន្ទនេះថា ពេលនេះលោកកំពុងនៅទីក្រុង Pattaya ប្រទេសថៃ ហើយលោកទៅកាន់ទីនោះ ដើម្បីចុះហត្ថលេខានាំយកសាលា RCA ដែលជាសាលាបណ្តុះបណ្តាលអ្នកជំនាញអចលនទ្រព្យដ៏ល្បីមួយនៅប្រទេសសិង្ហបុរី មកកាន់កម្ពុជា។ លោកបន្តថា សាលានេះបានបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យប្រហែល ៦០% នៅទូទាំងប្រទេសសិង្ហបុរីទាំងមូល និងមានសាខានៅតាមបណ្តាប្រទេសជាច្រើនផងដែរដូចជា ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន និងឥណ្ឌា។
លោកឧកញ៉ា ឃាង ពុទ្ធី យល់ឃើញថា បញ្ហាដែលកើតឡើងនិងភាពអវិជ្ជមានមួយចំនួន ក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដោយសារការខ្វះចំណេះដឹង ការអប់រំបណ្តុះបណ្តាល និងជំនាញច្បាស់លាស់។ ដូច្នេះការនាំយកសាលាដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ពីប្រទេសសិង្ហបុរីទៅកាន់កម្ពុជា នៅថ្ងៃនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារ និងអ្នកជំនាញអចលនទ្រព្យទាំងអស់នៅកម្ពុជា ដើម្បីឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា មានភាពរីកចម្រើន ឱ្យដូចនិងជឿនលឿនជាងប្រទេសជិតខាង។
គួររំឭកថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ធ្លាប់បានលើកឡើងផងដែរថា ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាមានសន្ទុះងើបឡើងទាំងតម្លៃនិងការវិនិយោគ កំណើនភ្នាក់ងារនិងអ្នកវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏មានកំណើនឡើងគួរអោយកត់សម្គាល់ ប៉ុន្តែក្នុងចំណោមភ្នាក់ងារទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានចំនួនតិចតួចប៉ុណ្ណោះ ដែលមានចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងវិស័យនេះ ជាពិសេសនោះកង្វះការយល់ដឹងអំពីភាពស្របច្បាប់នៃអចលទ្រព្យ៕
cred: Okhna News